ពាក់កណ្តាលម៉ារ៉ា់តុងនៅអង្គរ កាន់តែមានការទាក់ទាញ
Mon, 7 December 2015
យឺន ពន្លក
សៀមរាបៈ ព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី ២០ ឆ្នាំ ២០១៥ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ មានអត្តពលិកចូលរួមប្រកួត ៨៥០០ នាក់មកពី ៧៥ ប្រទេសនៅលើពិភពលោក ហើយតួលេខនេះ មិនទាន់រាប់បញ្ចូលអ្នករត់កម្សាន្ដជាង ៣០០០ នាក់ និងអ្នកសុំរត់មិនបានចុះបញ្ជីផង។
ចំនួនអ្នកចូលរួមនៅឆ្នាំនេះ គឺមានការកើនឡើងខ្លាំងជាងបណ្តាឆ្នាំកន្លងមក ខណៈដែលកាលពី ២០ ឆ្នាំមុន ការប្រកួតនេះមានអ្នកចូលរួមតែ ៦០០ នាក់ប៉ុណ្ណោះ។ នេះតាមការអះអាងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅពេលបិទបញ្ចប់ការប្រកួតកាលពីព្រឹកម្សិលមិញនោះ។
លោក ថោង ខុន បានមានប្រសាសន៍ថា៖«កីឡារត់ម៉ារ៉ាតុងអង្គរ លើកទី ២០ នេះមានភាពទាក់ទាញខ្លាំងណាស់ ព្រោះអ្នកមកចូលរួមសុទ្ធតែបង់ប្រាក់ផ្ទាល់ខ្លួន និងបានចំណាយលើសោហ៊ុយច្រើន ដើម្បីមករត់នៅកម្ពុជាយើង»។
លោកបន្ដថា៖«វាជាហេតុផលមួយងាយយល់ ព្រោះពួកគេបានវាយតម្លៃពិតពីសន្តិសុខសន្តិភាព និងសក្តានុពលទេសចរណ៍កីឡា និងទេសចរណ៍របស់កម្ពុជា ជាគោលដៅសំខាន់ណាស់ ល្អណាស់ ទើបពួកគេនាំទាំងគ្រួសារមកចូលរួម»។
លោករដ្ឋមន្រ្តីបានលើកឡើងដែរថា ការរៀបចំប្រកួតនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនអាចធ្វើម្នាក់ឯងបានទេ ព្រោះជាការងារជំនាញដ៏ធំ ហេតុនេះយើងមានដៃគូសហការ មានអង្គការបេះដូងមាសនៃប្រទេសជប៉ុន ដែលមានលទ្ធភាពគ្រប់គ្រងការប្រកួតដែលមានមនុស្សចូលរួមគ្រប់មជ្ឈដ្ឋានសរុបជាង ១ ម៉ឺននាក់ឯណោះ ហើយប្រទេសដែលចូលរួមច្រើន មានអង់គ្លេស ជប៉ុន បារាំង និងអូស្រ្តាលី។
បន្ថែមលើនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា៖ «ការទទួលបានជោគជ័យជាលំដាប់ និងកើនឡើងជារៀងរាល់ឆ្នាំ គឺដោយយើងមានវិស័យឯកជនចូលរួមច្រើន ហើយឆ្នាំ ២០១៥ នេះមានក្រុមហ៊ុនធានារ៉ាប់រង Manulife ភេសជ្ជៈ Revive ទឹកបរិសុទ្ធអង្គរពូរ៉ូ។ ក្នុងវិស័យកីឡា បើគ្មានវិស័យឯកជនចូលរួមទេ ក៏មិនរីកចម្រើនឡើយ ហើយព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី ២០ នេះ ទទួលបានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាល និងសហការបានល្អពីអាជ្ញាធរខេត្តនិងអាជ្ញាធរអប្សរា»។
ចំពោះលទ្ធផលនៃការប្រកួតពាក់កណ្តាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) ផ្នែកបុរស ចំណាត់ថ្នាក់លេខ ១ បានទៅកីឡាករ Fraser Thampson មកពីអូស្រ្តាលី ដោយប្រើថិរវេលា ១:១២:២០ ម៉ោង លេខ ២ កីឡាករជប៉ុនសញ្ជាតិកម្ពុជា Necko Hirashi។ ចំណែកកីឡាការិនី Vivan Tang មកពីប្រទេសសិង្ហបុរី បានប្រើថិរវេលា ១:២៩:០៩ ម៉ោង ដើម្បីក្លាយជាម្ចាស់ជើងឯកលើការប្រកួតពាក់កណ្តាលម៉ារ៉ាតុងផ្នែកនារី។
ចំពោះវិញ្ញាសារត់ចម្ងាយ ១០ គីឡូម៉ែត្រ កីឡាករ Daisuke Fukai មកពីជប៉ុន បានទទួលចំណាត់ថ្នាក់លេខ ១ ដោយប្រើថិរវេលា ៣៦:១២:៤២ នាទី ខណៈការប្រកួតផ្នែកនារីចំណាត់ថ្នាក់លេខ ១ បានទៅកីឡាការិនី AgothePech មកពីប្រទេសបារាំង ដោយប្រើពេល ៤៣:២៨ នាទី ហើយវិញ្ញាសារត់ចម្ងាយ ៣ គីឡូម៉ែត្រ បែបកម្សាន្ដលក្ខណៈគ្រួសារនោះ មិនមានចាត់ចំណាត់ថ្នាក់ទេ៕