នៅក្នុងប្រទេសបារំាង ជិត ១ខែក្រោយអំពើភេរវកម្មក្នុងទីក្រុងប៉ារីស និងជាយក្រុងប៉ារីសដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ១៣០នាក់ និងរបួសជាង ៣០០នាក់កាលពីថ្ងៃទី១៣ វិច្ឆិកាមក ការស៊ើបអង្កេតបាននិងកំពុងបន្តធ្វើ ពិសេសតាមរកចាប់ជនដៃដល់ដែលកំពុងគេចខ្លួន និងស្វែងរកអត្តសញ្ញាណពិតរបស់ភេរវជនដែលស្លាប់នៅក្នុងបទអន្តរាគមន៍របស់ប៉ូលិស។ នៅថ្ងៃពុធ ទី៩ ធ្នូនេះ ប៉ូលិសទើបបានទម្លាយឲ្យដឹងនូវអត្តសញ្ញាណរបស់ភេរវជនទី៣ ចុងក្រោយដែលបានវាយប្រហារនៅក្នុងសាលប្រគំតន្រ្តីឈ្មោះបាតាក្លង់ស្ថិតក្នុងទីក្រុងប៉ារីសនាថ្ងៃទី១៣ វិច្ឆិកាកន្លងទៅ។
មានភេរវជនទាំងអស់ ៣នាក់ដែលគេដឹងថា បានចូលទៅវាយប្រហារនៅក្នុងសាលប្រគំតន្រ្តីឈ្មោះបាតាក្លង់ក្រុងប៉ារីសនាយប់ថ្ងៃទី១៣ វិច្ឆិកាកន្លងទៅ និងដែលកាលណោះ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៩០នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ចំណែកភេរវជនទំាង ៣នាក់ក៏បានស្លាប់គ្មានសល់ម្នាក់ តែរហូតមកដល់ពេលនេះ គឺទើបមានភេរវជនតែ ២នាក់គត់ដែលគេបានស្គាល់អត្តសញ្ញាណ។ ភេរវជនទី១មានឈ្មោះ Samy Amimour និងភេរវជនទី២ មានឈ្មោះ Ismaël Omar Mostefaï។
ដាក់ផែនទីនៃទីតាំងរបស់សាលប្រគំតន្ត្រីបាតាក្លង់
ទីបំផុតនៅថ្ងៃនេះ និងបន្ទាប់ពីបានស៊ើបអង្កេតជិត ១ខែមក ក្រុមប៉ូលិសទើបបានទម្លាយឲ្យដឹងនូវអត្តសញ្ញាណរបស់ភេរវជនទី៣ ដែលមានឈ្មោះថា Foued Mohamed-Aggad មានអាយុ ២៣ឆ្នាំ និងជាជនជាតិបារាំងមានដើមកំណើតនៅក្នុងទីក្រុង Strasbourg។ Aggad មានបងប្អូនប្រុស ៣នាក់ និងដែលឱពុក និងម្តាយបានលែងលះគ្នាតាំងពីឆ្នាំ ២០០៧។ នៅដំណាច់ឆ្នាំ ២០១៣ Aggad និងបងប្អូនប្រុស ៣នាក់ រួមទាំងមិត្តជិតស្និតចំនួន ៨នាក់ផ្សេងទៀតរស់ក្នុងស្រុកតែមួយបាននាំគ្នាធ្វើដំណើរទៅកាន់តំបន់ប្រយុទ្ធក្នុងប្រទេសស៊ីរី។
នៅប៉ុន្មានខែក្រោយពីទៅដល់ប្រទេសស៊ីរី បងប្អូនប្រុសពីរនាក់របស់ Aggad និងមិត្តជិតដិតម្នាក់ក៏បានចោលឆ្អឹងក្នុងតំបន់ប្រយុទ្ធនៅស៊ីរី ចំណែកបងប្រុសច្បងរបស់ Aggad រួមទាំងមិត្តជិតស្និតចំនួន ៧នាក់ផ្សេងទៀតក៏បានសម្រេចចិត្តវិលមកកាន់ប្រទេសបារាំងវិញនាខែកុម្ភៈ និងមីនា ឆ្នាំ ២០១៤ ហើយក៏ត្រូវបានប៉ូលិសចាប់ឃុំទាំងអស់ក្នុងខែឧសភា។ គឺលើកលែងតែជន Aggad ម្នាក់ឯងគត់ដែលបានសម្រេចចិត្តបន្តស្ថិតក្នុងប្រទេសស៊ីរី។
ពីប្រទេសស៊ីរី Aggad បានឲ្យដំណឹងជាប្រចាំថ្ងៃដល់ក្រុមគ្រួសារក្នុងប្រទេសបារាំង ពិសេសម្តាយរបស់គេ។ ម្តាយរបស់ខ្មោច Aggad ដែលបានប្រាប់ឲ្យដឹងថា Aggad មិនដែលនិយាយប្រាប់គាត់ពីការងារប្រចាំថ្ងៃនៅក្នុងប្រទេសស៊ីរីទេ។ នៅក្នុងទំព័រ Facebook របស់ខ្លួន Aggad បានបង្ហោះរូបថតភ្ជាប់ជាមួយនឹងទង់អង្គការរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី។ ភស្តុតាងទាំងអស់នេះបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋអំណាចបារាំងបានដឹង និងស្គាល់អត្តសញ្ញាណ Aggad យូរណាស់ដែរ តែទីបំផុតនាយប់ថ្ងៃទី១៣ វិច្ឆិកា គឺជន Aggad នេះឯងដែលបានរួមសហការជាមួយជនផ្សេងចូលមកបង្កអំពើភេរវកម្មយ៉ាងសាហាវក្នុងទីក្រុងប៉ារីស ពិសេសនៅក្នុងសាលប្រគំតន្រ្តីឈ្មោះបាតាក្លង់ក្រុងប៉ារីស។
បារាំងរងគ្រោះដោយដង្កូវចេញពីសាច់ឯង
សរុបមកឃើញថា ពួកភេរវជនដែលបានបង្កអំពើភេរវកម្មក្នុងទីក្រុងប៉ារីសនាថ្ងៃទី១៣ វិច្ឆិកាកន្លងទៅ មានភាគច្រើនជាជនជាតិបារាំងដែលរួមសហការណ៍ជាមួយជនជាតិអឺរ៉ុប ពិសេសជនជាតិបែលហ្ស៊ិក។ គួររម្លឹកជូនឡើងវិញថា មានភេរវជនយ៉ាងតិច ៨នាក់ដែលបានរៀបចំអំពើភេរវកម្មក្នុងទីក្រុងប៉ារីស និងជាយក្រុងប៉ារីសកាលពីយប់ថ្ងៃទី១៣ វិច្ឆិកា ពោលការបាញ់ប្រហារនៅភោជនីយដ្ឋាន និងហាងលក់កាហ្វេក្រុងប៉ារីស នៅម្តុំពហុកីឡាដ្ឋាន Stade de France ស្ថិតក្នុងតំបន់ Saint denis និងនៅក្នុងសាលប្រគំតន្រ្តីឈ្មោះបាតាក្លង់ក្រុងប៉ារីស។
គិតមកដល់ថ្ងៃនេះ មានភេរវជនទាំងអស់ដែលក្រុមប៉ូលិស និងអ្នកស៊ើបអង្កេតបានស្គាល់អត្តសញ្ញាណ រាប់ទាំងអ្នកស្លាប់ និងអ្នកដែលកំពុងរត់គេចខ្លួន ពិសេស Salah Abdeslam ដែលជាជនជាតិបែលហ្សិក និងដែលបារាំង រួមជាមួយអឺរ៉ុបកំពុងតាមចាប់ខ្លួនជាងគេ។ ជាក់ស្តែង ភេរវជនស្លាប់ទាំង ៣នាក់នៅក្នុងសាលប្រគំតន្រ្តីឈ្មោះបាតាក្លង់ក្រុងប៉ារីស គឺជាជនជាតិបារាំងទាំងអស់។ នេះ ស បញ្ជាក់ឲ្យឃើញថា ភេរវកម្មក្នុងក្រុងប៉ារីសជាភេរវកម្មបង្កឡើងដោយដង្កូវចេញពីសាច់ឯង ពោលមិនមែនដង្កូវឆ្លងចូលពីខាងក្រៅទេ។
សូមជម្រាបជូនថា មិនមែនតែបារាំងទេដែលកំពុងទទួលរងការគំរាមពីក្រុមភេរវជនចេញពីសាច់ឯង ពោលគឺសឹងតែគ្រប់ប្រទេសទាំងអស់ទៅហើយ ពិសេសគឺក្រុមប្រទេសលោកខាងលិច។ ជារៀងរាល់ថ្ងៃ មានក្រុមយុវជនបានផ្តាច់ខ្លួនទៅចូលរួមជាមួយពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ ហើយពួកគេបានយកគម្ពីទាំងនោះមកអនុវត្តន៍នៅក្នុងស្រុកកំណើតរបស់ខ្លួន៕