ភ្នំពេញៈ ការសិក្សាបែបវិទ្យាសាស្រ្តចេញផ្សាយកាលពីថ្ងៃសុក្រស្តីពីពេលវេលា និងមូលហេតុដែលជាតិពុលអាសេនិចត្រូវបានបញ្ចេញចូលក្នុងទឹកក្រោមដីបង្ហាញថាទំនប់វារីអគ្គិសនី និងការអភិវឌ្ឍដទៃទៀតអាចបង្កបញ្ហាកាន់តែធ្ងន់ធ្ងរដល់ពលរដ្ឋរាប់លាននាក់។
អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Stanford បានរកឃើញថានៅតំបន់ដីលិចទឹកតាមធម្មជាតិគ្មានសារធាតុអាសេនិច ឬសារធាតុនេះមានកម្រិតទាប។ នេះបើតាមការចេញផ្សាយក្នុងសៀវភៅ Nature Geoscience។ ប៉ុន្តែនៅតំបន់លិចទឹកពេញមួយឆ្នាំគ្មានរដូវរាំងស្ងួតអតិសុខុមប្រាណតូចៗបានបង្កសារធាតុអាសេនិចជាច្រើនបន្ថែមទៀតក្នុងទឹកក្រោមដី។
បញ្ហានេះអង្គការ UNICEF បានប៉ាន់ប្រមាណថានៅកម្ពុជាមនុស្ស ២,២៥ លាននាក់មានហានិភ័យពុលសារធាតុអាសេនិចហើយក្នុងឆ្នាំ ២០១៣ មានរបាយការណ៍ថាមានជំងឺព្យាបាលមិនជា ៥០០ ករណីជាហេតុត្រូវកាត់អវយវៈ និងស្លាប់មនុស្សច្រើននាក់។
ឆ្លើយតបនឹងការស្រាវជ្រាវនេះលោក Stephen Iddings ប្រធានក្រុមជំងឺមិនឆ្លង និងសុខភាពបរិស្ថានអង្គការសុខភាពពិភពលោកនៅកម្ពុជាឲ្យដឹងថាការអភិវឌ្ឍបច្ចុប្បន្ន និងការគ្រោងទុកតាមទន្លេបានធ្វើឲ្យបញ្ហាអាសេនិចកាន់តែធ្ងន់ធ្ងរ។
លោកថា៖ «ទំនប់នៅទន្លេមេគង្គ និងដៃទន្លេរួមផ្សំនឹងការផ្លាស់ប្តូរនៃអាកាសធាតុ និងជលសាស្រ្តនៅកម្ពុជាតាមរបៀបមួយដែលអាចប៉ះពាល់ដល់ការបញ្ចេញសារធាតុអាសេនិចចូលទៅក្នុងទឹកដីនេះ»។
ការបញ្ចេញសារធាតុនេះជាផលប៉ះពាល់មួយទៀតនៃការសាងសង់ទំនប់ និងការផ្លាស់ប្តូរនៃអាកាសធាតុ៕
Jamie Elliott រាយការណ៍បន្ថែម Alessandro Marazzi Sassoon